កាលបរិច្ឆេទ: ០៣ ធ្នូ ២០២៣
កាលពីដើមខែកក្កដាកន្លងទៅនេះ និស្សិតថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មមួយក្រុម(MBA)មកពីសាកលវិទ្យាល័យ Hawaï បានចុះទស្សនាទីតាំងផលិតរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងបានផ្តោះប្តូរយោបល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសហគ្រាសក្នុងនោះមានលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិក និងជាប្រធានអគ្គនាយក។
ក្នុងជំនួបនេះដែរ លោក Benjamin Byström សាស្រ្តាចារ្យផ្នែកហិរញ្ញវត្ថុ និងជានាយកគ្រប់គ្រងលើកម្មវិធីចុះស្រាវជ្រាវនៅអាស៊ីរបស់និស្សិត ដែលបានដឹកនាំក្រុមនិស្សិតដោយផ្ទាល់ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះ៖ «ដំណើរទស្សនកិច្ចនេះគឺជាបទពិសោធមួយយ៉ាងសំខាន់សម្រាប់និស្សិតរបស់ខ្ញុំ ព្រោះពួកគេបានឃើញដោយផ្ទាល់ភ្នែកពីរបៀបនៃការផលិតឱសថដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ ខ្ញុំយល់ថា ជម្រើសរបស់ក្រុមហ៊ុនខនហ្វីរេលក្នុងការផលិតផលិតផលខ្មែរសុទ្ធសាធដូចជាម្រេចកំពត និងស្ករត្នោតសរីរាង្គជាដើម គឺជាយុទ្ធសាស្រ្តមួយដ៏ល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើវិស័យកសិកម្មនៅកម្ពុជា។ ច្បាស់ណាស់ ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលគឺជាក្រុមហ៊ុនថ្នាក់អន្តរជាតិដែលមានអនាគតវែងឆ្ងាយ»។
ចំណែកឯលោកសាកេត សីលា ជំនួយការផ្ទាល់របស់លោកឧកញ៉ាឱសថបណ្ឌិត បានឱ្យដឹងថា លោកពិតជារំភើបយ៉ាងខ្លាំងដោយឃើញក្តីសប្បាយរីករាយ និងចំណាប់អារម្មណ៍របស់និស្សិត។ «យើងខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចនេះអាចជួយឱ្យនិស្សិតបានយល់កាន់តែច្បាស់ពីវិស័យឱសថ អាហារ និងភេជ្ជៈ និងតួនាទីដែលក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងមូលនិធិគីណាល់បានបំពេញក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា។ យើងខ្ញុំក៏សង្ឃឹមផងដែរថា ពួកគេអាចពាំនាំយកនូវព័ត៌មានដ៏មានតម្លៃទៅតាមខ្លួន ហើយនឹងអាចប្រើប្រាស់វាក្នុងអាជីពរបស់ពួកគេទៅថ្ងៃអនាគតតបាន»។ នេះជាសារដែលលោកសាកេត សីលា បានសរសេរទៅកាន់លោក Benjamin Byström ក្រោយពីជំនួបជាមួយលោករួចមក៕